ផង់ សុភាព មកជំនួសមាស សុជាតិ ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់បារលីប្លេក

នូ មករា October 10, 2017


ភ្នំពេញ៖ កីឡាករ មាស សុជាតិ មកពីក្លិបក្រុងប៉ោយប៉ែតកីឡាត្រូវបានដកចេញពីព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់បារលីប្លេក របស់អាស៊ីអាគ្នេយ៍នៅេរៀងរាល់ល្ងាចថ្ងៃអាទិត្យហើយ ។ ជាមួយនឹងការដកនេះត្រូវបានគេដាក់ជំនួសដោយអ្នកប្រដាល់ផង់ សុភាព របស់ក្លិបតាឡីដំរីមានរិទ្ធវិញ ។ ការផ្លាស់ប្ដូរនេះបានធ្វើឡើងបន្ទាប់ពី សុជាតិ វ៉ៃឈ្នះអ្នកប្រដាល់ថៃបានមួយប្រកួតទៅហើយនោះគឺឈ្នះ អារ៉ាំ ប៊យ(Aram Boy) ដោយពិន្ទុ ។ ជាមួយនឹងជ័យជម្នះនេះបានធ្វើឲ្យទស្សនិកចោទប្រកាន់ថា អារ៉ាំ ប៊យ វ៉ៃមិនអស់ពីសមត្ថភាពព្រោះអ្នកប្រដាល់ថៃគឺលោកថៃ អ៊ូ ដែលជាម្ចាស់ក្លិបក្រុងប៉ោយប៉ែតជាអ្នកនាំមក ។
សម្រាប់ថ្ងៃទី១៥ ខែតុលានេះ ផង់ សុភាព ត្រូវប្រកួតប្រកួតជាមួយអ្នកប្រដាល់ថៃ ភេច ណាំឯក (Phich Nam Ek) ចំណែកឯជ័យជម្នះរបស់មាស សុជាតិ លើអរ៉ាំ ប៊យ ក៏ត្រូវប្រគល់ឲ្យកីឡាករ ផង់ សុភាព ដែរ ។ សុភាព ជាអ្នកប្រដាល់ចិត្តធំដែលមានកណ្ដាប់ដៃធ្ងន់ ច្បាស់ និងទាត់ចេញបានល្អ ។ រូបគេមានប្រវត្តិប្រកួតចំនួន ៨១ដង ឈ្នះ៦៥ដង ចាញ់១៤ដង និងស្មើពិន្ទុ២ដង ។ ប្រសិនបើមួយប្រកួតនេះ គេបានទទួលជ័យជម្នះនោះគឺមានន័យថារូបគេបានឈ្នះ ២ប្រកួតហើយដោយមួយប្រកួតគឺជាកាដូពីមាស សុជាតិ ។ ចំពោះអ្នកប្រដាល់ថៃភេច ណាំឯក វិញ នេះគឺជាការប្រកួតលើកទី២របស់គេហើយដែលកាលពីប្រកួតដំបូងរបស់គេជួបបរាជ័យគឺចាញ់ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សដោយពិន្ទុ ។ ការប្រកួតមួយនេះជ័យជម្នះមិនដឹងថាជារបស់នរណានៅឡើយទេ ។ សូមបញ្ជាក់ថា អ្នកប្រដាល់ថៃ ភេច ណាំឯក នេះមានប្រវត្តិប្រកួតចំនួន ៨៦ដង ឈ្នះ៦៨ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។

មួយប្រកួតទៀតអ្នកប្រដាល់មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សប្រកួតជាមួយអ្នកប្រដាល់ថៃអារ៉ាំ ប៊យ (Aram Boy) ។ ការប្រកួតមួយនេះគេជឿថា សុខហ៊ុច មានឱកាសឈ្នះច្រើនជាង ។ សុខហ៊ុច នេះជាការប្រកួតលើកទី២របស់គេដែលមួយប្រកួតដំបូងរបស់គេឈ្នះ ភេច ណាំឯក ដោយពិន្ទុ ។ សុខហ៊ុច មានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៧៣ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។ ចំពោះ អារ៉ាំប៊យ វិញមួយប្រកួតដំបូងរបស់គេជួបបរាជ័យ ។ ការប្រកួតនេះក៏គេជឿថាអ្នកប្រដាល់ថៃរូបនេះលំបាកនឹងដណ្ដើមបានជ័យជម្នះដែរ ។ អារ៉ាំ ប៊យ មានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦១ដង ចាញ់១៧ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់