អ្នកប្រដាល់គង់ ហ៊ូវ ប្រកាសសង្គ្រាមជាមួយខ្លាចាស់ថៃ ភូន សាវ៉ាត នាថ្ងៃស្អែកនេះ

នូ មករា October 6, 2017


ភ្នំពេញ៖ អ្នកប្រដាល់វ័យចំណាស់ថៃឈ្មោះភូន សាវ៉ាត (Phoun Sawath) ដែលធ្លាប់បង្ក្រាបអ្នកប្រដាល់ជើងខ្លាំងកម្ពុជាបានជាច្រើនអ្នកមកហើយនោះបានប្រកាសស្វាគមន៍អ្នកប្រដាល់វ័យក្មេងកម្ពុជាគង់ ហ៊ូវ មកពីសមាគមប្រដាល់ក្រសួងការពារជាតិលើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី៧ ខែតុលានេះ ។អ្នកប្រដាល់កម្ពុជាដែលស្ថិតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមតែងតែគេចចេញពីការប្រកួតជាមួយអ្នកប្រដាល់ថៃរូបនេះ ។ តាមពិតសាវ៉ាត ស្លូតទេហើយក៏មិនដែលវាយនរណាឲ្យសន្លប់ដែរគឺគេឈ្នះតែដោយពិន្ទុប៉ុណ្ណោះតែអ្នកប្រដាល់កម្ពុជាដែលធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃរូបនេះតែងត្អូញត្អែរថាប្រកួតជាមួយភូន សាវ៉ាតហើយឈឺខ្លួនណាស់ ។ ភូន សាវ៉ាតមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៧៥ដង និង ចាញ់ ៧ដង ។ 

ចំពោះ គង់ ហ៊ូវ ក៏មិនខ្សោយដែរគេប្រើជើងទាត់បានល្អណាស់ហើយទាត់សុទ្ធតែចំថ្គាម និងកញ្ចឹង ក ឯណោះ ។ មានអ្នកប្រដាល់មិនតិចទេដែលត្រូវគង់ ហ៊ូវ ទាត់ឲ្យសន្លប់ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ៥១ដង ឈ្នះ៤២ ដង ចាញ់៩ដង ។ គង់ ហ៊ូវអាចដណ្ដើមជ័យជំនះលើភូន សាវ៉ាតបានដែរឬទេ ?

ជាមួយគ្នានេះ កីឡាករ ទេស ជីវ៉ា មកពីក្លិបកងពលតូចលេខ៧០ប្រកួតជាមួយអ្នកប្រដាល់ថៃឆាត ឆៃ (Chhat Chhay) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ អាចនិយាយបានថានេះជាការប្រកួតជាមួយបរទេសមួយដោយកម្ររបស់អ្នកប្រដាល់ជើងថ្មីកម្ពុជារូបនេះ ។ ជីវ៉ា ថ្មីមែនតែគេក្លាហានណាស់មិនតែប៉ុណ្ណោះកម្លាំងរបស់គេអស្ចារ្យ ទោះបីស្នៀតរបស់គេនៅខ្ចីបន្តិចក៏ដោយ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៤៥ដង ឈ្នះ៣២ដង ចាញ់១០ដង និងស្មើពិន្ទុ ៣ ដង ។ ចំពោះអ្នកប្រដាល់ថៃឆាត ឆៃ វិញតាមរយៈការមកប្រកួននៅស្រុកខ្មែរកន្លងមកគេមិនអន់នោះទេគេមានស្នៀតកណ្ដាប់ដៃល្អធ្ងន់ ទាត់រហ័សតែចិត្តរបស់គេមិនសូវជាធំឡើយ ។ ឆាត ឆៃ មានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៣ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។ទេស ជីវ៉ាអាចកសាងកេរ្តិ៍តាមរយៈការប្រកួតមួយនេះបានឬទេ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់