ស្វែងរកអ្នកខ្លាំង ទី១១ និង ទី១២​​ ក្នុងព្រឹត្តិការណ៍​ TV5 Boxing Knock-Out Serie by K-Cement

នូ មករា October 4, 2017


ភ្នំពេញសម្រាប់ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៧​ ខែតុលានេះគឺជាការប្រកួតជម្រុះជុំទី១​ ស្វែងរកជើងខ្លាំងទី១១ និង ទី១២ ។ គិតត្រឹមពេលនេះមានអ្នកខ្លាំង១០រូបហើយដែលបានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី ២ហើយក៏មាន១០រូបដែរ​ដែលបានខ្ទាតចេញពីការប្រកួត ។ សម្រាប់យប់ថ្ងៃទី៧ ខែតុលានេះ នឹងមានអ្នកប្រដាល់​ ៤រូបទៀតឡើងលើសង្វៀនប្រជែងគ្នាដណ្ដើមកៅអីចំនួន   ក្នុងនោះកីឡាករ ង៉ែត រដ្ឋា​ មកពីក្លិបតាព្រហ្មមានជ័យត្រូវជួបជាមួយអ្នកប្រដាល់ជា សំណាង របស់ក្លិបខ្លារខិនមានរិទ្ធ រដ្ឋា ធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍នេះម្ដងហើយតែត្រូវខ្ទាតចេញពីការប្រកួតនៅជុំទី១ ដោយកាលនោះត្រូវអ្នកប្រដាល់ ថន វាសនា មកពីក្លិបនាគរាជមានជ័យទាត់ឲ្យសន្លប់នៅទឹកទី ។ រដ្ឋា ជាអ្នកប្រដាល់ដែលពូកែជើងណាស់ជាមួយគ្នានេះកណ្ដាប់ដៃ ជង្គង់របស់គេក៏មិនអន់ដែរ ។ មួយរយៈនេះអ្នកប្រដាល់រូបនេះហាក់ដូចជាស្រុតចុះច្រើន ។​ ចំពោះសំណាង ដែលជាអ្នកប្រដាល់មួយរូបមានឈ្មោះបោះសម្លេងគ្រាន់បើតែគេបាត់មុខមួយរយៈហើយ អ្នកប្រដាល់រូបនេះប្រាកដជាលំបាកដោយសារ រដ្ឋា ហើយព្រោះគេខានវ៉ៃមួយរយៈអាចកម្លាំងរបស់គេមិនទាន់គ្រប់គ្រាន់ ។ រដ្ឋា និង សំណាង នរណាខ្ទាតចេញពីការប្រកួត ។ 

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ជើងចាស់ ទី ពន្លែត មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបនឹងជួបប្រកួតជាមួយអ្នកប្រដាល់យ៉ាម រ៉េត មកពីក្លិបរស្មីកុមារកំព្រា ។ ពួកគេមានឈ្មោះបោះសម្លេងគ្រាន់បើដែរតែក្នុងអាជីពប្រដាល់របស់គេៗពុំធ្លាប់ដណ្ដើមបានខ្សែក្រវាត់ ពានលេខ ១អ្វីឡើយ ។ ពន្លែត មានកលល្បិចវ៉ៃល្អតែអាយុគេច្រើនបន្តិចម្ល៉ោះហើយកម្លាំងគេឆាបធ្លាក់ម្យ៉ាងទៀតអ្នកប្រដាល់រូបនេះចិត្តមិនសូវធំទេ ។ ចំពោះយ៉ាម រ៉េត វិញគេជាអ្នកប្រដាល់ដែលមិនសូវសម្បូរស្នៀតនោះទេតែគេវ៉ៃបានល្អមើលគ្រាន់បើមិនតែប៉ុណ្ណោះកម្លាំងរបស់គេក៏ឆាប់ស្រុតចុះដែរតែការវ៉ៃចេញរបស់គេធ្ងន់ណាស់  ចាំមើលរវាង យ៉ាម រ៉េត និង ទី ពន្លែត នរណារកបានកៅអីសម្រាប់វគ្គជម្រុះជុំទី២ទៀត ?

ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍នេះថៃ រដ្ឋា មកពីក្លិបឃ្លាំងមឿងកីឡាជួបជាមួយអ្នកប្រដាល់មកពីស្រុកថៃ អារ៉ាវ៉ាន់ លុកចំប៉ាសាក់ (Arawan Loukchampasak)ដែលប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទ: វ៉ាន្នី

មតិយោបល់