ក្រោយឈ្នះសុីហ្គេម នាគខ្មៅឃុន ឌីម៉ា នឹងចូលរួមប្រកួតកីឡាអាសុីឆ្នាំ២០១៨ បន្តទៀត

នូ មករា September 7, 2017


ភ្នំពេញ៖ បន្ទាប់ពីបានឈ្នះមេដាយមាសលើវិញ្ញាសាប្រដាល់សេរីក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី២៩ ក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាមកាលពីពេលថ្មីៗនេះរួចមក នាគខ្មៅឃុន ឌីម៉ា នឹងត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំមួយប្រចាំទ្វីបអាសុី នោះគឺព្រឹត្តិការណ៍កីឡាអាសុី ឬ Asian Games 2018 ដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នាប្រទេសឥណ្ឌូនេសុី ។

ទាក់ទងនឹងបញ្ហានេះ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ឌីម៉ា គេអាចប្រកួតតាមស្ថានីយ៍ទូរទស្សន៍នានាបានប៉ុន្តែគេត្រូវរក្សាខ្លួនឲ្យបានល្អផងព្រោះគេនៅមានហ្គេមជាច្រើនទៀតត្រូវលេង ជាពិសេសការប្រកួតកីឡាអាស៊ី (ASIAN Games) នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីនាឆ្នាំ២០១៨ខាងមុខ ដែលនឹងមានកីឡាករគុនខ្មែរចូលរួមដែរនោះ ហេតុនេះ ឌីម៉ា គឺជាអត្តពលិកមួយរូបដែលមានសក្តានុពលត្រៀមសម្រាប់ព្រឹត្តិការណ៍នោះ ។

សូមបញ្ជាក់ថា ឃុន ឌីម៉ា ដែលគេស្គាល់ជាទូទៅថា នាគខ្មៅឃីម ឌីម៉ា នោះមានឪពុករបស់ឈ្មោះហេង ប៊ុនឃីម ដែលកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ក៏ជាអ្នកប្រដាល់មួយរូបដែររបស់ក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ ។ យ៉ាងណាក៏ដោយលោកហេង ប៊ុនឃីម មិនសូវជាលេចមុខលេចមាត់ប៉ុន្មានទេនៅរាជធានីភ្នំពេញដោយសារតែកាលនោះមិនសូវមានសង្វៀនប្រដាល់ច្រើនឡើយ ប៉ុន្តែលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញគួរសមនៅតាមជាយដែន ពោលគឺជាកីឡាករមួយរូបដែលខ្លាំងគ្រាន់បើដែរ ។ ក្រោយមកលោកត្រូវបានអ្នកប្រដាល់ថៃវាយឲ្យដាច់ពោះវៀនហើយតាំងពីមានបញ្ហានេះមកលោក ប៊ុនឃីម បានបើកក្លិបមួយដោយខ្លួនឯងតែម្ដង ។

ចំពោះ ឌីម៉ា វិញរូបគេគឺជាមន្ត្រីកងរាជអាវុធហត្ថមួយរូបដែរ ដូច្នេះហើយទើបរាល់ការប្រកួតតាមសង្វៀននានាលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញតែងតែផ្ដល់រង្វាន់លើកទឹកចិត្តដល់គេជានិច្ច ។ លោកថៃ អ៊ូដែលជាប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មេដាយមាសមួយនេះ ឌីម៉ា បានជួយលើកមុខលើកមាត់ដល់ខេត្តបន្ទាយមានជ័យសម្បើមណាស់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត