អ្នកប្រយុទ្ធជើងចាស់ សុខ សុវណ្ណ ប្រកាសថានឹងបង្ក្រាបជើងខ្លាំងថៃ រ៉េ ដា ឲ្យបាន!

នូ មករា September 7, 2017


ភ្នំពេញ៖ នៅលើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ អ្នកប្រដាល់ជើងចាស់កម្ពុជា សុខ សុវណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមប្រដាល់ក្រសួងការពារជាតិបានប្រកាសថានឹងបង្ក្រាបអ្នកប្រដាល់ជើងចាស់ថៃឈ្មោះ រ៉េ ដា ឲ្យខាងតែបាន ។ រ៉េ ដា(Re Da) ជាអ្នកប្រដាល់វ័យចំណាស់ដ៏ខ្លាំងមួយរូបដែលធ្លាប់ប្រើកណ្ដាប់ដៃ កែង និងជង្គង់បង្ក្រាបអ្នកប្រដាល់កម្ពុជាបានមិនតិចនាក់ទេ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាមមានតែកីឡាករ ឡុង សំណាង មកពីក្លិបសាលវ័ន្ដកីឡាតែមួយរូបគត់ដែលបានប្រើជង្គង់វាយ រ៉េ ដា ឲ្យសន្លប់ក្រៅពីនោះសុទ្ធតែសន្លប់ ឬត្រូវរ៉េ ដា បង្ក្រាបបានទាំងអស់ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ១០៦ដង ឈ្នះ៩០ដង ចាញ់១៥ដង និងស្មើពិន្ទុ ១ដង ។សម្រាប់ជំនួបមួយនេះមិនដឹងថារ៉េ ដា បន្ថែមស្ថិតិឈ្នះទៅក្នុងកំណត់ត្រាប្រកួតរបស់គេ ឬក៏ត្រូវបន្ថែមស្ថិតិចាញ់នោះទេ ។ ចំពោះអ្នកប្រដាល់កម្ពុជា សុខ សុវណ្ណ វិញក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមិនស្រួលបង្ក្រាបនោះដែរ ។ ជង្គង់ កែង កណ្ដាប់ដៃ ទាត់ គឺជាអាវុធដ៏សំខាន់ដែលគេប្រើដើម្បីផ្ដួលគូប្រកួតយ៉ាងមានប្រសិទ្ធិភាពជាទីបំផុត ។ សុវណ្ណ មានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៥ដង ចាញ់ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។ ជំនួបមួយនេះមិនដឹងថាសុវណ្ណមានសមត្ថភាពដើម្បីបង្ក្រាបខ្លាចាស់ដ៏ខ្លាំងមួយនេះបានឬក៏អត់នោះឡើយ ។ យ៉ាងណាក៏ដោយ គេជឿថាអ្នកប្រដាល់ទាំង ២រូបនេះនឹងកំណត់លទ្ធផលចាញ់-ឈ្នះបន្ទាប់ពីប្រកួតចប់ទឹកទី ៥ ។

ដោយឡែកកីឡាករ ប៉ោ ភារិទ្ធ ដែលគេស្គាល់ជាទូទៅថា យ៉េន ឌីណា នោះក៏ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ យុគ ភីត (Youk Phit) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ ភារិទ្ធ ទោះបីគេហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិក៏បង្ហាញឲ្យឃើញថាគេមានការស្រុតចុះច្រើនណាស់ពិសេសកម្លាំងរបស់គេចាប់ពីឆ្លងផុតទឹកទី៣ ទៅគឺធ្លាក់ចុះខ្លាំងតែម្ដង ។ ភារិទ្ធ ដែលមានផ្លែវាយបានល្អទាំងអស់នោះមានប្រវត្តិប្រកួតចំនួន៧៨ ដង ឈ្នះ៧១ ដង ចាញ់៧ ដង ។ ចំពោះអ្នកប្រដាល់ថៃយុគ ភីត វិញគឺជាអ្នកប្រដាល់ជើងខ្លាំងដែលមានកលល្បិចវាយល្អរហ័ស និងមានកម្លាំងអស្ចារ្យណាស់ ។ គេមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៥ដង ចាញ់១០ដង ។ ជាពិសេសមានអ្នកប្រដាល់កម្ពុជាមិនតិចទេដែលត្រូវ យុគ ភីត បង្ក្រាបបាន ។ សម្រាប់ប៉ោ ភារិទ្ធ មិនដឹងថាអាចទៅរួចជាមួយ យុគ ភីត ឬអត់នោះឡើយ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត