មុឺន សុភា៖ បើកម្លាំងនៅពេញខ្ញុំជឿជាក់ថានឹងបានមេដាយមាសសុីហ្គេមមិនខាន!

នូ មករា August 31, 2017


ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរ ម៉ឺន សុភា ដែលទើបដណ្តើមបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍សុីហ្គេមកាលពីពេលថ្មីៗ បានត្រលប់មកដល់មាតុភូមិវិញហើយកាលពីព្រឹកថ្ងៃទី៣១ ខែសីហានេះ ។

ម្ចាស់មេដាយប្រាក់ស៊ីហ្គេមរូបនេះបានរៀបរាប់ពីការប្រកួតរបស់ខ្លួនថា៖ «សម្រាប់ការប្រកួតនេះ ខ្ញុំបានឆ្លងកាត់កីឡាករ ៣ប្រទេស គឺឥណ្ឌូនេស៊ី ឈ្នះដោយបញ្ឈប់នៅទឹកទី៣ ហើយបន្តជួបម្ចាស់ផ្ទះឈ្នះដោយពិន្ទុ និងបន្តជួបថៃនៅវគ្គផ្ដាច់ព្រ័ត្រ តែខ្ញុំចាញ់ដោយពិន្ទុ។» រូបគេបានបន្ថែមថា៖ «មុនជួបម្ចាស់ផ្ទះ ខ្ញុំមានអារម្មណ៍ខឹងគេព្រោះមិត្តរួមក្រុមរបស់ខ្ញុំ ២នាក់ដែលជួបជាមួយនឹងកីឡាករម៉ាឡេស៊ីនោះ ត្រូវបានកាត់ក្ដីទាំងអយុតិ្តធម៌ ខណៈដែលកីឡាករកម្ពុជាមានប្រៀបជាងដាច់ អុីចឹងហើយគ្រូគាត់ប្រាប់ខ្ញុំថា បើសិនជាវាយកីឡាករម៉ាឡេស៊ីនឹងអត់ឲ្យវាសន្លប់នោះទេ គឺមិនឈ្នះវាឡើយ ។ ចឹងខ្ញុំបានតាំងចិត្តពេលគោះជួងភ្លាម ខ្ញុំព្យាយាមសម្រុកបុកឲ្យខ្លាំងតាំងពីដើមទឹកដល់ចុងទឹករហូតដល់ឈ្នះពិន្ទុ» ។

កីឡាកររូបនេះបន្តថា៖ «បើសិនជាពេលនោះវាយគេល្មមៗ ខ្ញុំមិនអាចឈ្នះគេបានឡើយ ចឹងខ្ញុំក៏វាយសម្រុករហូត គឺប្រឹងឡើងអស់ពីខ្លួនតែម្ដងដោយធ្វើអោយខ្ញុំបាក់កម្លាំងខ្លាំងនៅត្រឹមជំនួបម្ចាស់ផ្ទះនេះ ។ ដល់ឈានទៅប៉ះថៃនៅវគ្គផ្ដាច់ព្រ័ត្រ គឺខ្ញុំគ្មានកម្លាំងសម្រាប់ទប់ទល់នឹងគេឡើយដោយ ១ដងខ្លួនអស់កម្លាំងរលីង ហើយខ្ញុំដឹងខ្លួនឯងថាពេលវាយទៅកម្លាំងខ្សោយខ្លាំង ម្យ៉ាងយើងប្រកួតនេះឈ្នះឡើងៗ ចឹងវៃរាល់ថ្ងៃដែលធ្វើឱ្យខ្ញុំមិនបានសម្រាកគ្រប់គ្រាន់ តែដើម្បីមុខមាត់ប្រទេសជាតិទើបខ្ញុំស៊ូបានដល់ចប់ទឹកទី៣។ តែទោះបីយ៉ាងណា បើសិនជាកម្លាំងខ្ញុំនៅពេញដូចកាលជួបម្ចាស់ផ្ទះម៉ាឡេស៊ីនោះ ខ្ញុំជឿជាក់ថា នឹងអាចយកមេដាយមាសមកជូនជាតិបាន ១០០ភាគរយតែម្ដង»។

សុភា បានបន្ថែមថា៖ «បើប្រៀបធៀបការជួបម្ចាស់ផ្ទះ និងអ្នកប្រដាល់ថៃនៅវគ្គផ្ដាច់ព្រ័ត្រនោះ ខ្ញុំគិតថាការជួបប្រកួតជាមួយនឹងម្ចាស់ផ្ទះ ហត់ជាងព្រោះថា ពេលដែលប៉ះវគ្គជម្រុះដំបូងប៉ះឥណ្ឌូនេស៊ី ខ្ញុំមិនសូវជាប្រឹងឡើយ ព្រោះដឹងពីបច្ចេកទេសរបស់គេមុន ហើយម្ចាស់ផ្ទះក៏ដឹងខ្លះៗដែល តែដោយសារតែភាពមិនប្រក្រតីរបស់អាជ្ញាកណ្ដាល ម៉ាឡេស៊ីទើបធ្វើឱ្យខ្ញុំប្រឹងអស់កម្លាំងពីខ្លួនតែម្ដង បើមិនចឹងទេខ្ញុំនឹងចាញ់នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះមិនខាន»។

គួរបញ្ជាក់ផងដែរថា ម្ចាស់មេដាយមាសផ្នែកកីឡាប្រដាល់គុនខ្មែរ ឃុន ឌីម៉ា ក៏នឹងមកដល់កម្ពុជានៅម៉ោង ១៧:៣៥នាទីល្ងាចនេះ បន្ទាប់ពីចូលរួមបិទបញ្ចប់ព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ីកាលពីយប់មិញជាមួយនឹងកីឡាករ វ៉ាន់ វឿន និង ឡៅ ចិត្រា ដែលទទួលបានមេដាយសំរឹទ្ធម្នាក់ ១គ្រឿងដូចគ្នាក្រោយចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត