ឡៅ ចន្ទ្រា ជើងខ្លាំងល្បីឈ្មោះប្តេជ្ញាមិនលក់ឧត្តមគតិ និងសមត្ថភាពពិត

គឹមហុក November 2, 2015


ប្រិយមិត្តជាច្រើនដែលនិយមចូលចិត្តកីឡាប្រដាល់សេរី ឬគុនខ្មែរប្រាកដជាស្គាល់យ៉ាងច្បាស់នូវថ្វីដៃដ៏ល្អរបស់កីឡាករជើងខ្លាំងវ័យក្មេងដែលកំពុងតែមានកេរ្តិ៍ឈ្មោះល្បីបោះសម្លេងនៅក្នុងពិភពប្រដាល់សេរីខ្មែរនាពេលបច្ចុប្បន្ន។ ក្រៅពីមានកម្ពស់ខ្ពស់ និងបានគ្រងតំណែងជើងឯកក្នុងការប្រកួតប្រជែងមួយចំនួននាពេលកន្លងមក អ្នកប្រយុទ្ធរូបនេះក៏ត្រូវបានគេទទួលស្គាល់ថាជាអនាគតជើងខ្លាំងលើសង្វៀនដែលមិនងាយមានគូប្រជែងឡើយ ក្រៅពីនេះរូបគេក៏ធ្លាប់បានផ្តួលរៀមច្បងជាច្រើនរូបឲ្យស្គាល់ភាពបរាជ័យរួចមកហើយ។

បន្ទាប់ពីបានទទួលតំណែងជា​ម្ចាស់​មេដាយមាស​ជើងឯក​ប្រចាំឆ្នាំ​២០១៣ រួចមកបានធ្វើឲ្យ​កីឡាករ ​ឡៅ ចន្ទ្រា ដែលមានប្រភពមកពី​ក្លិប​កងទ័ព​ឆត្រយោងលេខ​៩១១ បានឈានដល់​ចំណុច​ជួរមុខ​ និង​ក្លាយជា​កីឡាករ​ម្នាក់ដែល​ស្ថិតនៅក្នុង​ជម្រើស​របស់​អ្នកគាំទ្រ​ភាគច្រើនរួចជាស្រេចទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះជាមួយនឹង​ស្នៀត​ប្រ​យុទ្ធ​លើស​ង្វៀនដែលប្រកបដោយបច្ចេកទេសខ្ពស់គឺពិតជាពិបាក​នឹងរក​ដៃគូ​ណា​ដែលមាន​ប្រវត្តិ​ប្រកួត​ប្រហាក់ប្រហែលគ្នា​មក​ផ្តួល​គេ​បាន​ណាស់ ហើយ​បច្ចុប្បន្ននេះទៀតសោត​រូបគេ​ក៏មានតំណែងជាជ័យលាភីម្ចាស់ខ្សែក្រវាត់ស្រាបៀលីអូ (Leo Beer) ក្នុងទម្ងន់ ៦០ គីឡូក្រាម បន្ថែមពីលើមេដាយមាសរបស់ខ្លួនថែមទៀតផង។

ប៉ុន្តែមានក្តីបារម្ភមួយដែលទស្សនិកជនកម្ពុជាជាច្រើនបានជជែកមិនដាច់ពីមាត់ និងតែងតែមិនចង់ឲ្យកើតមានឡើងនោះឡើយនោះគឺ ពួកគេខ្លាចភាពខ្លាំងរបស់អ្នកប្រដាល់វ័យក្មេងរូបនេះត្រូវបាត់បង់ទៅវិញដោយសារតែការលក់ខ្លួនដើម្បីប្តូរយកប្រាក់ចិញ្ចឹមជីវិតនាថ្ងៃណាមួយ។

តបទៅនឹងការលើកឡើងបែបនេះ កីឡាករកំពុងឡើងកូដ ឡៅ ចន្ទ្រា បានចេញមកបកស្រាយថា៖

« ​ខ្ញុំ និង​បងប្រុស ឡៅ ស៊ីណា ​តស៊ូ​ស្លាប់​លើសង្វៀន តែ​មិន​លក់​កិត្តិយស​នោះទេ ការ​វាយ​មិន​អស់ពី​សមត្ថភាព​គឺ​បានធ្វើ​ខុស​សីល​ធ​ម៌ចំពោះ​ក្លិប​ក៏​ដូចជា​ធ្វើ​ឲ្យ​ខូច​តម្លៃ​កីឡាករ​ឯទៀត​ក្នុង​ពិភព​កីឡាប្រដាល់ក្បាច់គុន​បុរាណ​ខ្មែរ​ផងដែរ​ ហេតុនេះហើយខ្ញុំមិនអាចធ្វើដូច្នេះបានជាដាច់ខាត ព្រោះថាការធ្វើបែបនេះគឺមិនខុសពីការសម្លាប់ខ្លួនឯងនោះទេ ការឈ្នះឬចាញ់គឺជាកិត្តិយសមួយដែលកីឡាករត្រូវតែមាន!»

ការប្តេជ្ញាចិត្តមុតមាំបែបនេះគឺជាក្តីសង្ឃឹមមួយដែលអ្នកគាំទ្រត្រូវការបំផុត ជាកស្តែងទស្សនិកជនជាច្រើនបានសម្តែងការសាទរ និងពោលសរសើរមិនដាច់ពីមាត់ថា លក្ខណៈពិសេស​របស់​កីឡាករ​ ឡៅ ចន្ទ្រា គឺ​វាយ​មិន​លក់ខ្លួន ហើយ​បញ្ចេញ​កណ្ដាប់ដៃ​បានល្អ។​ អ្នកខ្លះ​លើកឡើងថា ឡៅ ចន្ទ្រា វាយ​មួយៗ​មិន​បង្ខំប៉ុន្តែ​ផ្លែ​ដៃ ​និង​ជង្គង់​មុត​ស្រួចល្អ និង​អ្នកខ្លះទៀត​ថា ឡៅ ចន្ទ្រា បើ​ជួប​ជើង​ខ្លាំង​កាន់តែខ្លាំង គឺ​គេ​កាន់តែខ្លាំង​ដូច​កីឡាករ​លាក់ពុត​ជាដើម ហើយប្រសិនបើគេប្រកាន់ជំហរមិនលក់ខ្លួនធ្វើពុតចាញ់ដូចជាការប្តេជ្ញារបស់គេមែននោះ អនាគតរបស់គេប្រាកដជាល្បីល្បាញមិនខាន ជាពិសេសបើយោងលើសមត្ថភាពរបស់គេឱកាសក្នុងការឈានទៅរកចំនុចកំពូលលើសង្វៀនច្បាស់ជាអាចកើតមានក្នុងភាគរយខ្ពស់បំផុត លើសពីនេះទៅទៀតប្រសិនជាមានយកចិត្តទុកដាក់ ឧបត្ថម្ភជីវភាព និងការហ្វឹកហាត់ដិតដល់នោះ កីឡាកររូបនេះក៏អាចក្លាយជាគ្រាប់ពេជ្រក្នុងការប្រកួតជាមួយដៃគូបរទេសថែមទៀតផង។

ចំណែក​លោក ហង្ស ស៊ីន ដែលជា​គ្រូបង្វឹកនៅក្នុង​ក្លិប​កងទ័ព​ឆត្រយោង​៩១១ និងជាគ្រូរបស់ចន្ទ្រា ផ្ទាល់ផងនោះបានបញ្ជាក់ថា៖« ​កូនសិស្ស​នៅក្នុង​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១​ទាំងអស់​មិនមាន​កីឡាករ​ណា​ម្នាក់​ហ៊ាន​លក់​តម្លៃ​ខ្លួន​លើសង្វៀន​នោះទេ ព្រោះ​ក្លិប​មាន​វិន័យ​តឹងរឹង​ណាស់​។ បើ​ដឹងថា​កីឡាករ​រូប​ណា​លក់​ការប្រកួតក្លិប​នឹងដាក់​ពិន័យខ្លាំង ជាង​សហព័ន្ធ​ទៅទៀត ប៉ុន្តែ​តាំងពី​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១​បើក​រហូតមក​ដល់ពេលនេះជាង​១០​ឆ្នំាហើយ​មិនមាន​កីឡាករ​ណធ្វើ​ខុស​នឹង​បម្រាម​នោះ​ទេ​។»

ក្រៅពីបានសម្តែងការថ្លែងអំណរគុណចំពោះការគាំទ្ររបស់ទស្សនិកជន ជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា ក៏បានបញ្ជាក់ផងដែរថានាពេលបច្ចុប្បន្ននេះ គេនៅតែបន្តការហ្វឹកហាត់ជាប្រចាំដោយមិនភ្លេចខ្លួន ឬ ទោរទន់ទៅតាមការកោតសរសើររបស់មហាជននោះទេ។ ក្រៅពីនេះក្នុងបំណងក្លាយជាកីឡាករគុនខ្មែរដ៏ល្បីល្បាញតាមគន្លងបងប្រុសរបស់ខ្លួននោះ គេក៏បានតាំងចិត្តថានឹងមិនធ្វើឲ្យមហាជនអស់សង្ឃឹម និងអស់ជំនឿចិត្តលើរូបគេឡើយ៕

11701162_710192489108066_2479854248358097453_n

ឡៅ ចន្ទ្រាឡៅ ចន្ទ្រា (ក្រហម)

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត