ប្រដាល់កម្ពុជា ៣ រូបប្រជែងគ្នាដណ្តើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់
នូ មករា November 25, 2016
ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ៣រូបដែលកំពុងតែប្រជែងគ្នាដើម្បីដណ្ដើមកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់ទម្ងន់ ៦៥គីឡូក្រាមលើសង្វៀន CNC។
ក្នុងនោះ មឿន សុខហ៊ុច មកពីក្លឹបពុទ្ធសេរីវង្ស ដែលគេបានបញ្ចប់ការប្រកួតវិលជុំក្នុងពូលហើយនោះ ៤ប្រកួតរបស់គេឈ្នះ ៣ ប្រកួតចាញ់ ១ ប្រកួត ចំពោះឃុន សំខាន់ របស់ក្លិបកងពលតូចលេខ៧០ និង ផង់ សុភាព មកពីក្លិបតាឡីដំរីមានរិទ្ធវិញទើបតែប្រកួតបាន ៣ លើកប៉ុណ្ណោះដោយបានឈ្នះ ២ ប្រកួតចាញ់ ១ប្រកួតដូចគ្នា ។
កីឡាករ មឿន សុខហ៊ុច និង ឃុន សំខាន់ សុទ្ធតែបានចាញ់ពិន្ទុអ្នកប្រដាល់ថៃ Joamphop Sor Virakvan ដូចគ្នា រីឯ ផង់ សុភាព ក៏ចាញ់ពិន្ទុអ្នកប្រដាល់ថៃ Neng Trakan Kor Kamunwat ដែរ។ សម្រាប់ថ្ងៃទី២៦វិច្ឆិកានេះ កីឡាករ ឃុន សំខាន់ ត្រូវជួបជាមួយកីឡាករ Neng Trakan Kor Kamunwat ដែលជាជើងខ្លាំងមួយរូប ។ អ្នកប្រដាល់ថៃរូបនេះ ៣ប្រកួតរបស់គេឈ្នះ ២ ប្រកួត និង ចាញ់១ប្រកួតគឺចាញ់មឿន សុខហ៊ុច ។ ការប្រកួតនេះបើ សំខាន់ ឈ្នះគេនឹងមានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្តង ដូច្នេះ នេះជាការប្រកួតដ៏តឹងតែងមួយដែលមិនដឹងថារូបគេមានសមត្ថភាពដណ្ដើមជ័យជម្នះឬក៏យ៉ាងណានោះឡើយ ។
ចំពោះផង់ សុភាព វិញត្រូវប្រកួតជាមួយកីឡាករ Joamphop Sor Virakvan កីឡាករថៃរូបនេះធ្លាប់ប្រកួត ៣ លើកដោយឈ្នះទាំង ៣ ប្រកួតតែម្តង ហើយសម្រាប់ការប្រកួតចុងក្រោយនេះគេជឿថា Joamphop Sor Virakvanនៅតែមានឱកាសឈ្នះទៀតជាមិនខាន ៕
អត្ថបទ៖ វ៉ាន្នី