ក្រសួងមហាផ្ទៃក្លាយជាអង្គភាពខ្លាំងជាងគេក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២

នូ មករា June 5, 2018


ភ្នំពេញ៖ ការប្រកួតកីឡាជាតិលើកទី២ដែលបានចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភាមកនោះបានបិទការប្រកួតជាផ្លូវការនៅព្រលប់ថ្ងៃទី៤ ខែមិថុនាម្សិលមិញហើយ ។ សម្រាប់ការប្រកួតលើកនេះអ្វីៗបានបង្ហាញពីការរីកចម្រើនទាំងបរិមាណ ទាំងគុណភាព ដោយក្នុងនោះ ២៥រាជធានី-ខេត្ត និង៣ក្រសួងគឺក្រសួងការពារជាតិ, មហាផ្ទៃ, សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជូនកីឡាករ-កីឡាការិនីមកចូលរួមក្នុងព្រឹត្តិការណ៍នេះ ។
  
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺខេត្តត្បូងឃ្មំដែលកាលពីប្រកួតកីឡាជាតិលើកទី១ឆ្នាំ២០១៦ស្ថិតនៅចំណាត់ថ្នាក់ក្រោយគេដោយមិនបានមេដាយសោះនោះឆ្នាំនេះបានឡើងមកឈរនៅចំណាត់ថ្នាក់លេខ១០ បន្ទាប់ពីដណ្ដើមបានមេដាយចំនួន២៨គ្រឿង គឺមាស៦គ្រឿង ប្រាក់៩គ្រឿង និងសំរិទ្ធ១៣គ្រឿង ។ លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា អត្តពលិកដែលចូលរួមភាគច្រើនលើសលប់ជាអត្តពលិកវ័យក្មេងដែលជាវ័យត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ។ លោកបានបន្ថែមថា ពួកគេបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យដែលគួរឲ្យជាទីសង្ឃឹមសម្រាប់ឆ្នាំ២០២៣ យ៉ាងណាក៏ដោយធនធានទាំងនេះត្រូវដុសខាត់បន្ថែមទៀតពោលគឺត្រូវបញ្ជូនទៅហាត់រយៈពេលវែងនៅក្រៅប្រទេស ឬជួលគ្រូពីក្រៅប្រទេសឲ្យមកបង្ហាត់តែម្តង ។
សូមបញ្ជាក់ដែរថា សម្រាប់ការប្រកួតកីឡាជាតិលើកទី២នេះ ក្រសួងមហាផ្ទៃបានក្លាយជាអង្គភាពខ្លាំងដោយរកបានមេដាយលើសគេគឺសរុបទាំងអស់១៤៩គ្រឿងក្នុងនោះមេដាយមាស៨៣គ្រឿង ប្រាក់៤៣គ្រឿង និងសំរិទ្ធ២៣គ្រឿង ដោយឡែកកាលពីឆ្នាំ២០១៦ ពោលគឺការប្រកួតកីឡាជាតិលើកទី១ ក្រុមក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ២ ដោយឈ្នះបានមេដាយសរុប៥៩គ្រឿងដែលក្នុងនោះមាស២៨គ្រឿង ប្រាក់១៦គ្រឿង និងសំរិទ្ធ១៥គ្រឿង ។
 
ចំណែករាជធានីភ្នំពេញដែលកាលពីប្រកួតកីឡាជាតិលើកទី១ឈរនៅលំដាប់ទី១នោះឆ្នាំនេះឈរនៅលំដាប់ទី២ដោយបានមេដាយសរុបចំនួន១២៤គ្រឿងក្នុងនោះមាស៤២គ្រឿង ប្រាក់៣៦គ្រឿង និងសំរិទ្ធ៤៦គ្រឿង ។ សម្រាប់កាលពីប្រកួតកីឡាជាតិលើកទី១ រាជធានីភ្នំពេញឈរនៅលេខ២ដោយរកបានមេដាយសរុបចំនួន១០២គ្រឿង ក្នុងនោះមាស៤១គ្រឿង ប្រាក់៣៤គ្រឿង និងសំរិទ្ធ២៧គ្រឿង ។ ចំពោះក្រសួងការពារជាតិរកបានមេដាយសរុបចំនួន៦៧គ្រឿងគឺមាស៣៣គ្រឿង ប្រាក់១៨គ្រឿង សំរិទ្ធ១៦គ្រឿង ឈរនៅលំដាប់ទី៣ដដែល ខណៈដែលខេត្តកណ្ដាលក៏រក្សាតំណែងនៅលំដាប់ទី៣ដដែលដែរ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់