ជំនួបក្រុមខ្លាំង ៥ គូគួរឱ្យចាប់អារម្មណ៍ក្នុងវគ្គជម្រុះពូល ​FIFA World Cup 2018

នូ មករា June 8, 2018


អន្តរជាតិ៖ ការប្រកួត FIFA World Cup 2018 នឹងចាប់ផ្តើមជាផ្លូវការនាថ្ងៃទី១៤ ខែមិថុនានេះហើយ ជាមួយគ្នានេះគេសង្កេតឃើញថា ក្នុងចំណោមក្រុមទាំង ៣២ មានគូប្រកួតចំនួន ៥ដែលគួរឱ្យចាប់អារម្មណ៍ជាងគេក្នុងវគ្គជម្រុះពូលនេះដែលមានដូចជា៖

១. អេហ្សុីប Vs អ៊ុយរូហ្គាយ

ក្រុមជម្រើសជាតិអេហ្សុីប ខកខានលែងបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះតាំងតែពីឆ្នាំ១៩៩០ មកម្ល៉េះ ក៏ប៉ុន្តែ Mohamed Salah បាននាំមកនូវក្តីសង្ឃឹមសារជាថ្មីបន្ទាប់ពីបានទាត់បាល់ពិន័យដើម្បីដណ្តើមជ័យជម្នះលើក្រុមជម្រើសជាតិកុងហ្គោរួចមក ។ កីឡាករវ័យ ២៥ឆ្នាំរូបនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ ខណៈដែលរូបគេបានលើកឡើងថា គេនឹងនាំមកនូវមោទកភាពដល់ក្រុមផារ៉ាអុងអេហ្សុីបក្នុងការប្រកួត ។ ចំនែកឯក្រុមជម្រើសជាតិអ៊ុយរូហ្គាយ មានកីឡាករខ្សែប្រយុទ្ធល្អចំនួន២រូបដូចជា៖ Luis Suarez លេងឲ្យក្រុម Barcelona និង Edinson Cavanni លេងឲ្យក្រុម Paris Saint-Germain ។ ចំពោះការប្រកួតនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រ ទី១៥ ខែមិថុនា វេលាម៉ោង៧.០០ ល្ងាច ។

២. ប៉ទុយហ្គាល់ Vs អេស្ប៉ាញ

ក្រុមម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០១៦ ប៉ទុយហ្គាល់ នឹងត្រូវជួបគ្នាជាមួយក្រុមម្ចាស់ជើងឯក FIFA World Cup 2010 អេស្ប៉ាញ នាការប្រកួតដំបូងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ មួយនេះ ។ ក្រុមដែលមានបទពិសោធន៍ជោគជាំក្នុងពានរង្វាន់ពិភពលោកទាំងពីរនេះនឹងត្រូវជួបគ្នានៅថ្ងៃសៅរ៍ ទី១៦ ខែមិថុនា វេលាម៉ោង១.០០ កណ្តាលអាធ្រាត ។

៣. អាល្លឺម៉ង់ដ៏ Vs មុិកសុិកូ

ក្រុមម្ចាស់ជើងឯកពានរង្វាន់ពិភពលោកឆ្នាំ២០១៤ អាល្លឺម៉ង់ដ៏ ក៏នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិមុិកសុិកូ ។ ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ដ៏នៅតែជាក្រុមមួយដ៏ខ្លាំងដែលគេរំពឹងថានឹងមានឱកាសគ្រងដំណែងជើងឯកជាថ្មីម្តងទៀតនៅឆ្នាំនេះ ពោលគឺដោយសារតែក្រុមមួយនេះមានកីឡាករល្អៗមានបទពិសោធន៍ដូចជា៖ Thomas Muller, Sami Khedira, Toni Kroos និងអ្នកចាំទី Manuel Neuer ។ ចំណែកក្រុមមុិកសុិកូ ក៏មានកីឡាករខ្សែប្រយុទ្ធ២រូបដែលគួរឲ្យចាប់អារម្មណ៍ដូចជា៖ កីឡាករ Javier Hernández និងកីឡាករ Giovani dos Santos ។ ចំពោះការជួបគ្នារបស់ក្រុមទាំងពីរនឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា វេលាម៉ោង១០.០០ យប់ ។

៤. អាហ្សង់ទីន Vs ក្រូអាទី

ក្រុមអាហ្សង់ទីននឹងធ្វើការប្រកួតជាមួយក្រុមក្រូអាទី សម្រាប់ការប្រកួតលើកទី២ របស់ខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup ។ គេគ្រប់គ្នាបាននិយាយថា Messi នឹងត្រូវប្រឈមមុខគ្នាសារជាថ្មីម្តងទៀតជាមួយ Luka Modric បន្ទាប់ពីធ្វើការប្រកួតប្រជែងគ្នាក្នុងពានរង្វាន់ Laliga រួចមក ។ ការប្រកួតនេះត្រូវចាប់ផ្តើមនៅថ្ងៃសុក្រ ទី២២ ខែមិថុនា នាវេលាម៉ោង១.០០ រំលងអាធ្រាត ។

៥. អង់គ្លេស Vs បែលហ្សិក

ការប្រកួតដ៏ជក់ចិត្តសម្រាប់ពូល G គឺជាការជួបគ្នារវាងក្រុមអង់គ្លេស និងក្រុមបែលហ្សិក ដែលសុទ្ធតែជាក្រុមសម្បូរទៅដោយធនធានយុវជនក្នុងព្រឹត្តិការណ៍នេះ ។ ការជួបគ្នារបស់ក្រុមទាំងពីរនឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា វេលាម៉ោង១.០០ រំលងអាធ្រាត ៕

អត្ថបទ៖ រីតា

មតិយោបល់